តើ​មូល​ហេតុអ្វី​បាន​ជា​ការ​អង្គុយ​យូរ​ពេក​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព?

Oct 30, 2024គន្លឺះថែទាំសុខភាព0 comments

ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​រកឃើញ​ថា ការ​អង្គុយ​យូរ​ពេក បណ្តាល​ឲ្យ​កាត់​បន្ថយ​អាយុកាល​របស់​មនុស្ស និង​បណ្តាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន រួម​មាន
ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​មហារីក ឫសដូង​បាត ទល់​លាមក និង​ការ​ឡើង​ទម្ងន់​ជាដើម។
តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ទប់ស្កាត់​ផលវិបាក​នានា​ដល់​សុខភាព​ដែល​បណ្ដាល​មក​ពី​ការ​អង្គុយ​មិន​ត្រឹមត្រូវ​?
ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព ផ្តល់​ដំបូន្មាន​ថា ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​រយៈពេល​ខ្លី​និង​រយៈពេល​វែង
ដោយសារ​អង្គុយ​យូរ​ពេក អ្នកធ្វើ​ការដែល​តម្រូវ​ឲ្យ​អង្គុយ​ច្រើន គួរ​ព្យាយាម​ធ្វើ​ចលនា​ឲ្យ​បាន​ញឹកញាប់ ដូចជា​ងើប​ពត់​ខ្លួនប្រាណ
ងើប​ក្រោកឈរ តម្រង់​ខ្លួនប្រាណ យ៉ាង​ហោច​ណាស់ ២​ឬ​៣​នាទី រៀងរាល់​មួយ​ម៉ោង​ម្តង។

ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​លើ​ក្រុម​មនុស្ស​ពីរ​ជំពូក​ផ្សេងគ្នា នៅ​សហរដ្ឋអាមេរិក គឺ​ក្រុម​អ្នក​អង្គុយ​ធ្វើការ​យូរ
ដូចជា​អ្នកបើកបរ​ឡាន​តាក់ស៊ី អ្នក​បើក​រថភ្លើង និង​មួយ​ក្រុម​ទៀត គឺ​អ្នក​យាមល្បាត (guards) ដែល​ដើរ​ច្រើន ឬ​អ្នកធ្វើការ​ផ្សេងទៀត ដែល​មិន​តម្រូវ​ឲ្យ​អង្គុយ​យូរ
បាន​រក​ឃើញ​ពី​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រវាង​ក្រុម​ទាំងពីរ​នេះ បើ​ទោះ​បី​ជា​បាន​ហាត់ប្រាណ​ទៀងទាត់ ទទួលទាន​របប​អាហារ និង​របៀប​រស់នៅ ដូចគ្នា​ក៏ដោយ។

គេហទំព័រ​សុខភាព​វ៉ឹប​អឹមឌី (WebMD) ដែល​បាន​ចុះផ្សាយ លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា អ្នក​អង្គុយ​យូរ​ពេក បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មុន​អាយុកាល
និង​បណ្តាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​។ ការ​អង្គុយ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ដែល​នាំ​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​ឡើង កើត​ជំងឺ​បេះដូង
ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ឈាម​ជាដើម។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនីក​មេត្តា​នៅ​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា
ការ​អង្គុយ​យូរ​ពេក បណ្តាល​ឲ្យ​សាច់ដុំ ឬ​សន្លាក់​ដៃជើង​គាំង​រឹង កាត់បន្ថយ​ភាព​បត់បែន និង​នាំ​ឲ្យ​ឈឺសន្លាក់​ដៃជើង​និង​សាច់ដុំ​។
លោក​វេជ្ជបណ្ឌិត ពន្យល់​ពី​បញ្ហា​ផល​ប៉ះពាល់​សុខភាព​មួយចំនួន​ទៀត ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​យូរ​ពេក​៖ «ទី​១ ប៉ះពាល់​ដល់​ជំងឺ​ឫសដូងបាត នៅពេល​យើង​អង្គុយ​យូរ
វា​នាំ​ឲ្យ​ប៉ោង​សរសៃឈាម នាំ​ឲ្យ​កើត​ជំងឺ​ឫសដូងបាត​។ មួយទៀត​ជា​ធម្មតា ឈាម​រត់​ពេញ​ខ្លួន ហើយ​វា​ត្រូវ​រត់​ចូល​មក​បេះដូង​វិញ ដើម្បី​ប្តូរ​យក​អុកស៊ីហ្សែន​មក​ប្តូរ​។
អ៊ីចឹង​នៅពេល​យើង​អង្គុយ​យូរ ទាំង​ចលនា​ទាំង​ពោះវៀន​អត់​បាន​ដំណើរ​ការ​ល្អ​ទេ នាំ​ឲ្យ​យើង​ទល់លាមក នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ច្រើន​…»។

កម្មការិនី​រោងចក្រ​កាត់ដេរ សំលៀកបំពាក់ ឃែនធើរ៉េន អាប់ភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., LTD)
លោកស្រី សឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការងារ​របស់​ក្រុម​កម្មករ៖ «កម្មករ​អង្គុយ​ធ្វើការ​ហ្នឹង មាន​ជំងឺ​ឫសដូងបាត​ច្រើន សឹងតែ​គ្រប់គ្នា​ហើយ
ដោយសារ​គាត់​គ្មាន​ពេល​សម្រាក ឬ​ពេល​ក្រោកឈរ លុះត្រាតែ​គាត់​ទៅ​បន្ទប់ទឹក ទើបបាន​មានឱកាស​ដើរ​ទៅមក​បន្ទប់ទឹក​បន្តិច។ ឧទាហរណ៍​ថា ដេរ​៨​ម៉ោង
គាត់​ក្រោក​ឡើង​ផ្អៀងផ្អង ខ្លះ​ងើប​អត់​ចង់​រួច​ទេ ដោយសារ​អង្គុយ​យូរ ខ្លះ​លើស​ពី​៨​ម៉ោង​…»។

គេហទំព័រ​សុខភាព​វ៉ឹបអឹមឌី (WebMD) ដដែល​បន្ត​ថា ក្រៅ​តែ​ពី​កើត​ជំងឺ​ឫសដូងបាត ឈឺចង្កេះ ឈឺ​ត្រគាក ឈឺ​ក ទល់លាមក ការ​ស្ទះ​សរសៃឈាម​ជើង
និង​ឡើង​ទម្ងន់ ការ​អង្គុយ​យូរ ក៏​នាំ​ឲ្យ​សាច់ដុំ​ជើង​និង​ត្រគាក រួម​តូច​ជាង​មុន និង​ចុះ​ខ្សោយ​។ ការ​អង្គុយ​យូរ​ឬ របៀប​អង្គុយ​មិន​ត្រឹមត្រូវ មិន​ត្រង់​ឬ​កោង​ខ្នង នឹង​បង្ក​ឲ្យ​ខួរឆ្អឹងខ្នង​ចុះ​ខ្សោយ និង​អាច​ឈឺ​ឆ្អឹងខ្នង​រ៉ាំរ៉ៃ​ផង​ដែរ។

បន្ថែម​ពី​នេះ ការ​អង្គុយ​យូរ នាំ​ឲ្យ​មាន​បញ្ហា​ថប់​អារម្មណ៍ ដែល​ប៉ះពាល់​ដល់​ដំណេក អង្គុយ​ធ្វើការ​ម្នាក់ឯង​យូរ​ពេក ច្រើន​ផ្តាច់​ខ្លួន​ពី​សង្គម ដោយ​មិនបាន​ទាក់ទង​ជាមួយ​មិត្ត​ភ័ក្ត្រ ឬ​ក្រុម​គ្រួសារ។

លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំ​ដល់​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ និង​អ្នក​ដែល​ធ្វើ​ការងារ​តម្រូវ​ឲ្យ​អង្គុយ​យូរ
ដូចជា​អ្នកបើកបរ​រថយន្តឈ្នួល ឬ​ឡាន​តាក់ស៊ី ឬ​កម្មករ​កាត់ដេរ​ជាដើម ត្រូវការ​ឈប់សម្រាក​ពត់​ដៃ​ជើង យ៉ាងតិច​រៀងរាល់​មួយ​ម៉ោង​ម្តង
ដើម្បី​សម្រួល​ឥរិយាបថ៖ «បងប្អូន​អ្នក​បើក​ឡាន អង្គុយ​៥​ម៉ោង​អ៊ីចឹង ដូច្នេះ អាច​មួយ​ម៉ោង​ឬ​២​ម៉ោង យើង​ងើប​ពត់​ខ្លួនប្រាណ​ម្តង តែ​២​នាទី​ឬ​៣​នាទី​ទៅ
ចាំ​អង្គុយ​ទៅវិញ​។ ហើយ​យើង​ផឹកទឹក​ទៅ កុំ​អង្គុយ​ច្រើន​ម៉ោង​លើស​ពី​២​ម៉ោង ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​ស្រួល ពោះវៀន រត់​ស្រួល ដើម្បី​បន្ថយ​សម្ពាធ​ផ្នែក​ខាងក្រោម
នៅ​គូថ មួយ​ម៉ោង​ឬ​២​ម៉ោង​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ម្តង​…»។

​ជាង​នេះ​ទៅ​ទៀត ការស្រាវជ្រាវ​ក៏​បាន​ផ្តល់​ដំបូន្មាន​ថា ប្រសិនបើ​អាច​មាន​លទ្ធភាព បើ​កន្លែងធ្វើការ​មិនអាច​ផ្តល់​ឲ្យ គួរតែ​ចំណាយ​ប្រាក់​ខ្លួនឯង​ទិញ​តុ​ដាក់​ម៉ាស៊ីន​កុំព្យូទ័រ​ឲ្យ​ខ្ពស់
ដើម្បី​អាច​ឈរ​ធ្វើការ​បាន ពាក់​ស្បែង​ជើង​ដែល​ជួយ​គាំទ្រ​ដល់​ការ​ឈរ​ច្រើន យក​ពេល​សម្រាក​ការងារ​ដើរ​ចុះឡើង ឬ​ពេល​និយាយ​ទូរស័ព្ទ កុំ​និយាយ​គ្នា​ពេល​អង្គុយ​។ បន្ថែម​ពី​នេះ
កំណត់​ពេលវេលា​អង្គុយ​ក្រែងលោ​ភ្លេច​ងើបឈរ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ហាត់ប្រាណ​ដូចជា​ដើរ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​កន្លែង​ធ្វើការ​ជាដើម៕

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia