ការលេងកីឡាផ្ដល់នូវគុណប្រយោជន៍ចំនួន ៦ចំពោះរាងកាយ

Oct 27, 20240 comments

3Plus

admin

Date

27/10/2024

ការលេងកីឡាអាចជួយឱ្យអ្នកមានរាងស្អាត កើនចំណងមិត្តភាព មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងមានសុខភាពល្អ។ តាមរយៈការហ្វឹកហាត់កីឡាផ្សេងៗ
អ្នកក៏អាចទទួលបានជំនាញនៅលើទីលាន របៀបដោះស្រាយបញ្ហាក្នុងជីវិតរស់នៅផងដែរ។ ជាពិសេស កីឡាកំពុងមានឥទ្ធិពលយ៉ាងខ្លាំង មកលើជីវិតប្រចាំថ្ងៃ និងសុខភាពរបស់យើង។
យោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីអត្ថប្រយោជន៍ចំនួន ៦នៃការហាត់កីឡាចំពោះរាងកាយ៖

១. រក្សាទម្ងន់ឱ្យនៅថេរ ៖
ការនៅទំនេរច្រើន គឺជាមូលហេតុចម្បងមួយ ដែលនាំឱ្យមនុស្សឡើងទម្ងន់​ ព្រមទាំងអាចបណ្ដាលឱ្យមានជំងឺលើសឈាម និងជំងឺបេះដូងផងដែរ ។
ប៉ុន្តែការហាត់កីឡា នឹងជួយរក្សាទម្ងន់អ្នកឱ្យនៅថេរ និងមិនងាយឡើងទម្ងន់នោះទេ។ ក្នុងករណី មនុស្សធាត់ចូលរួមក្នុងសកម្មភាពកីឡា ដែលមានសកម្មភាពរាងកាយខ្លាំង។
ពួកគេនឹងដុតកាឡូរីបានច្រើន ដែលជួយឱ្យស្រកទម្ងន់ និងកាត់បន្ថយឱកាសនៃការឡើងគីឡូទៀតផង។

២. កាត់បន្ថយកម្រិតកូលេស្ដូរ៉ល ៖
អត្ថប្រយោជន៍ពិសេសមួយទៀត នៃការហាត់កីឡា គឺជួយគ្រប់គ្រងកម្រិតនៃជាតិកូលេស្ដូរ៉ល។
បុគ្គលដែលចូលរួមក្នុងសកម្មភាពកីឡាជាប្រចាំ ជាធម្មតាមានកម្រិតកូលេស្ដូរ៉លទាបជាងបុគ្គល ដែលមិនហាត់កីឡា ឬរាងកាយមិនសូវសកម្ម។

៣. ធ្វើឱ្យចរន្ដឈាមប្រសើរឡើង ៖
សកម្មភាពនៃការហាត់កីឡាគ្រប់ប្រភេទ គឺទាមទារឱ្យរាងកាយមានភាពសកម្ម ដែលជួយបង្កើនសារធាតុដឹកនាំអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហម
និងធ្វើឱ្យបរិមាណឈាមកើនឡើង។ ដោយហេតុថា រាល់ពេលលេងកីឡា បេះដូងរបស់អ្នកនឹងមានចលនាលឿនជាងមុន ព្រមទាំងដាក់សម្ពាធបន្ថែមទៅលើសាច់ដុំបេះដូង ។ សម្ពាធបន្ថែមនេះ
នឹងជួយពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យលំហូរឈាមមានភាពប្រសើរឡើង។

 

៤. កាត់បន្ថយកម្រិតសម្ពាធឈាម ៖
ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាព ដែលអាចបណ្ដាលឱ្យដាច់សរសៃរឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងៗជាប់ទាក់ទងនឹងបញ្ហាបេះដូង។
យ៉ាងណាមិញ តាមរយៈការចូលរួមហាត់កីឡា អ្នកអាចគ្រប់គ្រងកម្រិតសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ ព្រោះកីឡាស្ទើរគ្រប់ប្រភេទទាមទារឱ្យមានសកម្មភាពរាងកាយ
ដូចជាដើរ លោត និងរត់ជាដើម ហើយការអនុវត្តបែបនេះ នឹងជួយរក្សាសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងជួយឱ្យសុខភាពបេះដូងរឹងមាំផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ​ ៖
កោសិកាឈាមស (WBCs) គឺជាភ្នាក់ងារចម្បងនៃរាងកាយ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺ។ ការលេងកីឡា និងហាត់ប្រាណជាប្រចាំ
នឹងជួយឱ្យកម្រិតកោសិកាឈាមសប្រសើរឡើង។ ជាពិសេស វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលអាចប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរី ដែលបង្កឱ្យមានជំងឺទៀតផង។

៦. ពង្រឹងសាច់ដុំ និងឆ្អឹង៖
ការលេងកីឡាដូចជា បាល់ទាត់ តេននីស បាល់បោះ និងហាត់គុន អាចជួយឱ្យពង្រឹងសាច់ដុំរបស់អ្នកឱ្យមានភាពរឹងមាំ ទំហំធំ និងកម្លាំងខ្លាំង។
កាលណាអ្នកបន្តលេងកីឡាជាប្រចាំ សាច់ដុំរបស់អ្នកនឹងវិវត្តទៅកាន់តែរឹងមាំ។ ម្យ៉ាងវិញទៀត វាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។
លើសពីនេះ ការចូលរួមកម្មភាពកីឡា ជាមួយនឹងចលនាអតិបរមា មានន័យថា អ្នកកំពុងដាក់ភាពតានតឹងទៅលើឆ្អឹង និងបង្កើនដង់ស៊ីតេឆ្អឹង ដែលជួយឱ្យឆ្អឹងរឹងមាំជាងមុន៕

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia